កំណាព្យសុភមង្គលគ្រួសារ
យើងម្នាក់ៗ គឺតែងតែវក់វីនឹងសកម្មភាពនៃជីវភាពរស់នៅប្រចាំថ្ងៃ។ សេចក្តីសុខសុភមង្គលរបស់ពួកយើង គឺជាខ្សែវេញភ្ជាប់យើងទាំងអស់គ្នាជាធ្លុងមួយ ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងឧបសគ្គទាំងឡាយនៅក្នុងវាលវដ្តសង្សារដែលយើងគ្រប់គ្នាត្រូវឆ្លងកាត់។ ដូច្នេះ សូមយើងម្នាក់ៗស្វែងរកសេរីភាពសម្រាប់ជីវិតឱ្យបានស្រស់ថ្លា។ ចូរកំណត់និយមន័យនៃពាក្យសុភមង្គលសម្រាប់ខ្លួនអ្នក ព្រោះមានតែអ្នកទេដែលអាចកំណត់វាបាន។ អ្នកដឹងទេ មានពេលខ្លះមនុស្សយើងតែងពឹងផ្អែកអ្នកដទៃក្រៅខ្លួនមកផ្តល់សុភមង្គលឱ្យ។ តែខ្ញុំថា ក្តីរំពឹងបែបនោះ គឺជាការយល់ច្រឡំមួយ។ ហេតុអ្វី? នោះក៏ព្រោះតែសុភមង្គលពិត ពុំមែនកំណត់ដោយនរណាម្នាក់ក្រៅតែពីខ្លួនយើងនោះឡើយ ។
បទ កាកគតិ
ឈាមមួយតំណក់ កុំឱ្យវាស្រក់ រប៉ាត់រប៉ាយ
ត្រូវនៅឱ្យជុំ គ្រួសារពុកម្តាយ សាងក្តីសប្បាយ
ក្នុងក្រុមគ្រួសារ។
ទោះបីរវល់ កើតក្តីអំពល់ ឬជាប់កិច្ចការ
ត្រូវតែញញឹម លាយដោយវាចា ស្រស់ស្រូបអាហារ
ដោយក្តីសឡាញ់។
កុំដើរខាងក្រៅ ដល់ផ្ទះមួរម៉ៅ កើតខឹងខ្មួលខ្មាញ់
និយាយសម្តី អឺអើ ហងអញ មិនមានចុះចាញ់
កើតរឿងហឹង្សា។
ត្រូវចេះជួយគ្នា រាល់គ្រប់ការងារ មិនថាយ៉ាងណា
បោសផ្ទះដាំស្ល ធ្វើស្រែចម្ការ កុំប្រកាន់ថា
បងប្រុសអូនស្រី។
ដកស្រង់ពីសៀវភៅ បណ្តុំទស្សនៈ_The_Philosophy_Collection
បោះពុម្ពផ្សាយខែមិថុនា គ.ស.២០២០
និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
កំណាព្យ
មានការថែមពាក្យពេចន៍ខ្លះពី ទិគួយ
និពន្ធដោយ ទន ទិគួយ
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២២