គោលគំនិតទាំង១៥ចំណុចអាចជួយអ្នកបានខ្លះ

តើហេតុអ្វីបានជាយើងត្រូវមានគោលគំនិតទាំង ១៥ចំនុច នេះ ?
ទាំងនេះគឺជាអ្វីដែលមនុស្សត្រូវតែចេះនឹងត្រូវតែមាននៅក្នុងខ្លួនដើម្បីក្លាយជាបុគ្គលដ៏ល្អក្នុងសង្គម ÷
១.ចេះគិតដឹងខុសត្រូវ ទោះបីជារស់នៅក្នុងសង្គមគ្រួសារនិងសង្គមការងារខាងក្រៅក្តីការដឹងខុសត្រូវគឺជាចំណុចចំបងរបស់បុគ្គលម្នាក់ៗ បើមិនដូច្នោះទេយើងអាចក្លាយខ្លួនជាមនុស្សដែលមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងនិងបង្កើតកំហុសមិនចេះចប់មិនចេះហើយ ។
២.ចេះគ្រប់គ្រងខ្លួនឯង
ការចេះគ្រប់គ្រងខ្លួនឯងគឺជាចំណុចល្អហើយក៏ជាមាគ៌ារទ្រឹស្ដីរបស់ព្រះពុទ្ធសាសនាយើងផងដែរ ។ លោកបានទូន្មាននិងអប់រំឲ្យយើងចេះស្គាល់ខ្លួនឯងនិងគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានទើបក្លាយជាបុគ្គលម្នាក់ដែលរឹងមាំក្នុងសង្គមមួយដ៍ប្រសើរ ។
៣.មានទំនួលខុសត្រូវខ្ពស់
ការទទួលខុសត្រូវគឺជាកាតព្វកិច្ចដ៏ធំបំផុតសម្រាប់បុគ្គលម្នាក់មិនថានៅកន្លែងការងារមិនថានៅក្នុងសង្គមគ្រួសារឬជាមួយនឹងមិត្តភក្កិផ្សេងៗនោះទេការទទួលខុសត្រូវគឺជាមាគ៌ាដ៏ប្រពៃដែលមនុស្ស នឹងអ្នកផងនៅជុំវិញខ្លួនយើងឲ្យតម្លៃយើង មិនចេះរីងស្ងួត ។
៤.ចេះដាក់ខ្លួន
ពាក្យចាស់លោកថា”ងើយស្កកឱនដាក់គ្រាប់” នេះគឺជាពាក្យស្លោកដ៏ល្អរបស់ចាស់ព្រឹទ្ធចារ្យបានបន្សល់ទុកពីការចេះដាក់ខ្លួនប្រៀបធៀបជាមួយនឹងស្រូវដែលងើយអត់គ្រាប់ឱនមានគ្រាប់ ។ ការចេះដាក់ខ្លួនគឺជាបុគ្គលដ៏ប្រពៃហើយក៏និងក្លាយជាអ្នកចេះដឹងយ៉ាងល្អឥតទាស់ផងដែរ ។
៥.ចេះសម្រេចចិត្ត
មនុស្សយើងម្នាក់ៗសុទ្ធតែមានការសម្រេចចិត្តមួយដែលច្បាស់លាស់ក្នុងដំណើរជីវិតវាលវត្តសង្ខាររបស់មនុស្ស ។ ប៉ុន្តែការសម្រេចចិត្តនោះគឺត្រូវចេះផ្ដោតលើចិត្តគំនិតនិងចំណេះដឹងទើបមានការចេះសម្រេចចិត្តប្រកបដោយធម៌ ។
៦.ចេះដឹងគុណទោស
ការចេះដឹងគុណនិងទោសគឺជាមូលដ្ឋានរបស់មនុស្សម្នាក់ៗ ហើយចេះឱ្យតម្លៃលើ គុណនិងទោសចំពោះអ្នកណាដែលប្រព្រឹត្តល្អនឹងអាក្រក់ជាមួយនឹងយើង ។ ហើយឲ្យចេះបែងចែកអ្វីល្អនិងអាក្រក់ហើយត្រូវដឹងពីគុណហើយនិងទោសកុំឱ្យមាននៅឡូកឡំគ្នាបាន ។
៧.មានចិត្តមេត្តាសន្ដោស
មនុស្សត្រូវតែមានព្រហ្មវិហារធម៌នៅក្នុងខ្លួនមានចិត្តមេត្តាករុណាធម៌ ទោះបីជាទៅដល់ ទីណាក៏នៅតែមានសន្តិភាពជានិច្ចផងដែរ ហើយក៏មានអ្នកស្រឡាញ់ចូលចិត្ត ច្រើន មិនតិចនោះដែរ ។
៨.តាំងខ្លួនជាកណ្តាលមិនលម្អៀង
ត្រូវមានចិត្តកណ្ដាលជានិច្ចកុំឱ្យនិយាយលំអៀងទោះបីជាយើងមានតំណែងធំក៏ដោយតូចក៏ដោយឬក្នុងនាមជាពុកម្ដាយឬក៏អ្នកដោះស្រាយវិវាទឬទំនាស់ផ្សេងៗយើងត្រូវតែមានចិត្តជាកណ្ដាលទើបទទួលបានភាពល្អប្រសើរក្នុងសង្គមមួយដ៏ប្រពៃ ។
៩.មានចិត្តទូលាយ
ចិត្តទូលាយគឺជាចិត្តចេះសណ្ដោះប្រណីចិត្តចេះចែករំលែកចិត្តមិនកំណាញ់ចិត្តទទួលយកនូវអ្វីដែលជាបុណ្យកុសលដាក់ក្នុងខ្លួននេះគឺជាអ្វីដែលអ្នកផងស្រលាញ់ចូលចិត្តគួរមានចិត្តទូលាយនៅក្នុងខ្លួនទើបគាប់ប្រសើរ ។
១០.ចេះទប់ស្មារតីមិនរំជើបរំជួល
អារម្មណ៍នឹងធឹងមិនតក់ក្រហល់មិនឆេវឆៅមិនរំភើបជ្រើមជ្រួល មិនសប្បាយហួងហែង ខឹងក្រោធ ទាំងនេះហើយគឺជាដាវដ៏មុតស្រួចការពារឃុំគ្រង និងស្មារតីចិត្តគំនិតរបស់ យើងបានយ៉ាងល្អ ។
១១.មានសុទិដ្ឋិនិយម
គឺជាមនុស្សដែលមានស្មារតីវិជ្ជមានការគិតវិជ្ជមានគិតត្រូវមិនប្រាសចាកសេចក្តីថ្លៃថ្នូរ និយាយជារួមគឺមានគំនិតគិតបែបផ្លូវត្រូវមិនគិតផ្លូវខុសនោះទេ ។
១២.ចេះបត់បែនតាមកាលៈទេស
ពាក្យចាស់លោកថាចូលស្ទឹងតាមបទចូលស្រុកតាមទេស គឺជាពាក្យដែលមនុស្សមួយចំនួនពេញ និយមក្នុងការប្រើប្រាស់តាមតំបន់ព្រោះថាបើសិនជាយើងមិនចេះបត់បែនតាមកាលៈទេសៈវាអាចធ្វើឱ្យយើងធ្លាក់នៅក្នុងភាពអន្តរាយណាមួយបាន ។
១៣.មានភាពអត់ធ្មត់
សេចក្តីអត់ធ្មត់គឺកើតមានឡើងចំពោះបុគ្គលណាម្នាក់ដែលគាត់មានចិត្តធ្ងន់ចេះតាំងចិត្តខ្ពស់អំណត់អត់ធ្មត់មិនឆេវឆាវប្រឹងប្រែងធ្វើការងារដោយភាពអំណត់នោះនឹងក្លាយជាបុគ្គលដ៏ប្រពៃ ។
១៤.មិនងាយបោះបង់
ការជ្រើសរើសកន្លែងថ្មីដោយមិនងាយនឹងបោះបង់នូវអ្វីដែលខ្លួនកំពុងតែមានក្នុងដៃគឺជាមនុស្សដែលបរាជ័យមិនចេះអោយតម្លៃលើការងាររបស់ខ្លួនក្នុងពេលបច្ចុប្បន្ន ។ គួរ ធ្វើអ្វីដែលជាមនសិកានិងឲ្យតម្លៃហើយប្រឹងធ្វើវាឲ្យអស់ពីលទ្ធភាពដែលខ្លួនមានទើបមានភាពល្អប្រសើរហើយតម្លៃរបស់យើងក៏នៅតែទទួលបានការគោរពគាំទ្រទៀតផង ។
១៥.ស្មោះត្រង់
ភាពស្មោះត្រង់គឺជាចំនុចពិសេសបំផុតសម្រាប់បុគ្គលម្នាក់ៗមិនថាចាស់ឬក៏ក្មេងនោះទេការដែលមានភាពសច្ចនៅក្នុងខ្លួនគឺមិនចេះសាបសូន្យនោះទេ ។ ប៉ុន្តែដូចពាក្យលោក ថាផ្លូវវៀចកុំបោះបង់ផ្លូវត្រង់កុំចោល ។ មុននឹងមានភាពស្មោះត្រង់គួរមានវិចារណញ្ញាណឱ្យល្អប្រសើរត្រង់ណាល្អត្រង់ណាអាក្រក់ ។ យើងគួរស្មោះត្រង់ទៅលើស្ថានភាពណាដែលវាល្អសម្រាប់យើងផងដែរមិនសុទ្ធតែស្មោះត្រង់គ្រប់កាលៈទេសៈនោះទេ ។
សរុបសេចក្តីមកទាំង១៥ចំណុចនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់មនុស្សម្នាក់ៗអនុវត្តនៅក្នុងខ្លួនជាប្រចាំថ្ងៃទើបយើងក្លាយជាអ្នកបុគ្គលដែរល្អសម្រាប់សង្គមមួយបាន ។ គតិ
ប្រភពពីfacebook
អត្ថបទដោយ : ធី សុភក្តី